កំពង់ធំ៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានអាស្រ័យផលស្រូវប្រាំងនៅចំណុចព្រះគន្លង តំបន់វាលស្រង៉ែ និងព្រះស្នែងបាននាំគ្នាតវ៉ា និងស្នើសុំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ មិនអោយក្រុមហ៊ុនលោកឧកញ៉ា ហង់ សុគន្ធ ចូលទៅគ្រប់គ្រងដើម្បីផ្គត់ផ្គង់ទឹក ទៅដល់ពួកគាត់ ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតំបន់ព្រះស្នែង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ស្រូវប្រាំងរបស់ពួកគាត់ខូចខាតអស់ជាច្រើនហិចតាដោយសារតែក្រុមហ៊ុនលោកឧកញ៉ា ហង់ សុគន្ធ ផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ មួយណាមិនទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់ខ្លួនថា បើស្រូវខូចក្នុងមួយហិចតាក្រុមហ៊ុននឹង សងមួយហិចតា ៥ តោន ជាក់ស្ដែងក្រុមហ៊ុនមិនបានអនុវត្តដូចពាក្យសម្ដីរបស់ខ្លួនឡើយ។ ពួកគាត់បានបន្តទៀតថា បើឱ្យក្រុមហ៊ុន ហង់ សុគន្ធបន្តឲ្យផ្គត់ផ្គង់ទឹកទៀត ប្រហែលពួកគាត់ឈប់ធ្វើស្រែនៅទីនោះ ព្រោះមិនចង់ឲ្យខាតបង់ថវិកាផ្ទាល់ខ្លួនឡើយ។ ហើយបានស្នើឱ្យខាងក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរខេត្តកំពង់ធំឆាប់បង្កើតសមាគមផ្គត់ផ្គង់ទឹក ដើម្បីងាយស្រួលក្នុងការបូមទឹកយកទៅប្រើប្រាស់ស្រោចស្របស្រូវប្រាំងរបស់ពួកគាត់ ។
ក្នុងនោះដែរលោកឧកញ៉ាហង់ សុគន្ធបានឲ្យដឹងថា ដីប្រឡាយ ដីនៅទីនេះ ពីមុនគឺជាដីរបស់រដ្ឋ ដែលយើងបានសុំអាស្រ័យផល នៅលើផ្គត់ផ្គង់ទឹក ក្រោយមកមានលិខិតបទដ្ឋានអនុក្រឹត្យ បន្តបន្ទាប់តែអ្វីដែលចុងក្រោយ គឺមាន ស ជ ណ ១០០៣ បញ្ជាក់ថា ប្រតិភូកម្ម ឱ្យខេត្ត និងមន្ទីរពាក់ព័ន្ធមានសិទ្ធិលើគម្រោង ស្ដារប្រឡាយតូច និងមធ្យមមកស្រោចស្រពលើផ្ទៃដីតំបន់ ២ និងតំបន់៣ ហើយពេលនេះ គឺជារឿងអីដែលសម្ដេចលោកបានឆ្វៀលជូនក្នុងឃុំកំពង់គោ ដែលសម្ដេចបានប្រកាសនៅគោកព្រះ អ៊ីចឹងតំបន់នេះ គឺស្ថិតតំបន់ឆ្វៀល ហើយឥឡូវនេះ គឺស្ថិតក្នុងតំបន់ ២ទាំងស្រុងហើយ។ពាក់ព័ន្ធបញ្ហាមិនទទួលខុសត្រូវនោះ លោកឧកញ៉ាហង់ សុគន្ធបានឆ្លើយតបរឿង «មិនទទួលខុសត្រូវបញ្ហាខូចខាតស្រូវ» ប្រាប់ឱ្យដឹងថា រឿងនេះជារឿងចាស់ ដែលគាត់បានមកប្ដឹងខ្ញុំទៅតុលាការរួចហើយ តុលាការសាលាដំបូងមិនចាត់ការ និងតុលាការសាលាឧទ្ធរណ៍បានតម្គល់ ចឹងរឿងនេះ គឺជារឿងចាស់ដែលមិនមានប៉ះពាល់ដល់ការខាតបង់របស់បងប្អូនទេ ។
លោកឧកញ៉ាបានបញ្ជាក់ឲ្យដឹងទៀតថា ប្រឡាយទាំង ២ខ្សែនេះមិនមែនជាប្រឡាយធម្មជាតិទេ មិនមែនជាប្រឡាយមានទឹកហូរស្រាប់ទេ គឺប្រឡាយរបស់លោកសុខ មុន្នី លោកស្រីប៉េង ចាន់ធី និងរូបលោក ដែលកន្លងមកបានជីក ដោយទឹកលុយខ្លួនឯង អស់រាប់សែនច្រើនណាស់ លើប្រឡាយទាំង ២ខ្សែរនេះ ។ ប្រឡាយនេះរបស់លោកសុខ មុន្នី ប្រឡាយមេ ទាំងប្រឡាយរោង គឺមាន ៣២គីឡូម៉ែត្រ ឯប្រឡាយនេះចំនួន ៨គីឡូម៉ែត្រ(ប្រឡាយព្រះស្នែង) ហើយទាំងរោងផង ១៧គីឡូម៉ែត្រ ស្រោចស្រពលើដំណាំស្រូវជាង៣ពាន់ហិចតា។
គួរបញ្ជាក់ឡើងវិញផងដែរថាកាលពីថ្ងៃទី 3 ខែមករាឆ្នាំ 2023 កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ធំ បានបើកសន្តិសីទសារព័ត៌មានស្ដីពីករណីឈ្មោះហង់ សុគន្ធ បានប្រមូលបងប្អូនប្រជាពលរដ្ឋធ្វើការតវ៉ាបញ្ហាគ្រប់គ្រងប្រល័យឥតព្រះកន្លងនិងព្រះស្នែង។ ក៏ប៉ុន្តែភាគីខាងលោកហង់ សុគន្ធ នៅតែបន្ត បដិសេធមិនយល់ស្របទៅនឹងការបកស្រាយនានាពីសំណាក់ រដ្ឋបាលខេត្តកំពង់ធំនោះឡើយ ! ដោយលោកនៅតែអះអាងថា រដ្ឋបាលខេត្តកំពង់ធំ ដែលដឹកនាំដោយឯកឧត្តម សុខ ហៃ ប្រើល្បិចឆ្ពិនភ្នែក លេបយកប្រឡាយរបស់លោកទាំងស្រុង។