លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ នេះប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីប្រទេស កូតឌឺវ័រ ជាមួយនឹងការប្រមូលបានទិន្នផលសរុបកើនដល់ជាង ៨៣ម៉ឺនតោន និងបាននាំចេញទៅប្រទេសវៀតណាមជាង ៧៨ម៉ឺនតោន ទំហំទឹកប្រាក់ជាង មួយពាន់លានដុល្លារ ដោយក្នុងមួយគីឡូក្រាមនៃគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧ ៣០០រៀល។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា កំណើននេះមិនមែនចៃដន្យនោះទេ ពីព្រោះតាំងពីខែឧសភា សមាគមបានរកឃើញថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានកំណើនខ្ពស់ ដែលអាចសម្របខ្លួនជាមួយបាតុភូតអេល នីណូ (El Nino) ទន្ទឹមគ្នានឹងផ្ទៃដីដាំដុះក៏បានកើនឡើងផងដែរ។សូមជម្រាបថា បច្ចុប្បន្នប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទី ១ របស់ពិភពលោក គឺប្រទេសកូតឌីវ័រ។
ចំណែកកម្ពុជាបាននាំមុខប្រទេសឥណ្ឌាជាប្រទេសលំដាប់ទី២ ដោយរុញប្រទេសឥណ្ឌាឱ្យធ្លាក់មកនៅលេខរៀងទី៣ ។លោក អួន ស៊ីឡុត បានបញ្ជាក់ថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជានាពេលនេះ ទាមទារឱ្យមានការវិនិយោគបន្ថែមប្រមាណ ៣២៩ លានដុល្លារ ដើម្បីអនុវត្តតាមគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធបន្ថែម រួមជាមួយនឹងការជំរុញឱ្យមានការវិនិយោគលើការកែច្នៃក្នុងស្រុកផងដែរ ។
លោកថា នៅពេលការកែច្នៃក្នុងស្រុកច្រើន អាចផ្តល់ឱកាសការងារដល់ពលរដ្ឋ ជាពិសេសអាចរក្សាបានតម្លៃសមរម្យ និងកាត់បន្ថយចំនួនឈ្មួញកណ្តាល។នៅខែកញ្ញាខាងមុខ សម្រាប់ដំណាំចន្ទី មានសហគមន៍កសិកម្មទំនើបចំនួន៣ ស្ថិតក្នុងខេត្តកំពង់ធំ នឹងត្រូវបង្កើតឡើងជាផ្លូវការ រួមមានដូចជា កំពង់ធំសាលាវិស័យ មានសមាជិកចំនួន៨៨ នាក់ និងផ្ទៃដីដាំស្វាយចន្ទីចំនួន២០៤ ហិកតា។
សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ មានសមាជិកចំនួន ៩៧ នាក់ មានផ្ទៃដីដាំដុះស្វាយចន្ទីចំនួន ៥០៩ ហិកតា និងសហគមន៍ទំរីងកំពង់ធំ មានសមាជិកចំនួន ៧៦ នាក់ និងមានផ្ទៃដីដាំដុះចំនួន ៤៦០ ហិកតា៕ Credit: MoINFO