(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចូលរួមពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅមណ្ឌលប្រឡងបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានផ្តាំផ្ញើដល់បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ ម៉្យាងវិញទៀតសម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន។
លោកបានបន្តទៀតថាចំពោះបេក្ខជន បេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះ រិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។
លោកបញ្ជាក់ថាដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បងក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ។
ជាចុងក្រោយលោកបានលើកទឹកចិត្តដល់បេក្ខជនទាំងអស់មេត្តាបំពេញភារកិច្ច របស់ខ្លួន ក្នុងពេលប្រឡងរយៈពេល០២ថ្ងៃនេះប្រកបដោយភាពជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) បាននិទ្ទេសល្អគ្រប់ៗគ្នា ចំពោះបេក្ខជនដែលមកប្រឡងប្រសិនបើសុខភាពមិនល្អសូមរាយការណ៍មកគណៈកម្មការអនុរក្សនៅក្នុងបន្ទប់ដើម្បីផ្តល់ដំណឹងទៅគ្រូពេទ្យមកជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បាឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ក្នុងខេត្តកំពង់ធំ មាន១៣មណ្ឌល ស្មើនឹង២២៨បន្ទប់ ដែលមានបេក្ខជនសរុប៥៦៥៨នាក់ ស្រី ៣២៧៤នាក់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ១២៥៤នាក់ ស្រី ៧៨២នាក់ មាន០២មណ្ឌល ៥១បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជន៤៤០៤នាក់ ស្រី ២៤៩២នាក់ មាន១១មណ្ឌល ១៨១បន្ទប់ ។ ដោយឡែកមណ្ឌលបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ មាន ២១ បន្ទប់ បេក្ខជន ៥២៥ នាក់ ស្រី ៣០១ នាក់ ។