(កំពង់ធំ)÷ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវ របស់ប្រជាកសិករ ដែលកំពុងទុំ ត្រូវប្រមូលផលហើយត្រូវជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤។
តាមរយៈដំណើរបេសកកម្មនេះឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ព្រោះបងប្អូនប្រជាកសិករ បានចំណាយថវិកាយ៉ាងច្រើន ដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ មន្ដ្រីជំនាញរបស់ក្រសួងចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឲ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ដំណាំស្រូវប៉ែកខាងក្រោមនៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដែលកំពុងប្រមូលផល ត្រូវបានទឹកជន់លិចក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ។
បច្ចុប្បន្ននេះបងប្អូនប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវដណ្ដើមពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន សម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក។
លោក ប៉ែន វណ្ណរិទ្ឋ ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្តកំពង់ធំ បានបញ្ជាក់ថា: ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន២០៤៦ហិចតា និងខូចខាតចំនួន ១៦២១ ហិចតា។
ក្រុងស្ទឹងសែន ប៉ះពាល់ចំនួន ៦៧០ហិចតាខូចខាតចំនួន៩១ហិកតា។
ស្រុកប្រាសាទសំបូរប៉ះពាល់ចំនួន ៦.៨៧ហិកតាខូចខាតចំនួន ៥.៧៧ហិកតា។ ស្រុកបារាយណ៍ប៉ះពាល់ចំនួន ៦២០ហិកតា តាខូចខាតចំនួន ៥ហិចតា។
ស្រុកសណ្ដាន់ប៉ះពាល់ប៉ះពាល់ចំនួន៥០៩ហិកតា។ ស្រុកសន្ទុកប៉ះពាល់ប៉ះពាល់ចំនួន៣៥ហិកតាខូចខាតចំនួន ៤៩ហិចតា។
ស្រុកស្ទោងប៉ះពាល់ចំនួន ១៤៧ហិកតា តាខូចខាតចំនួន ៩០ហិចតា។
ស្រុកតាំងគោក ប៉ះពាល់ចំនួន ១៥ហិចតា ខូចខាតចំនួន ១១៥ហិចតា។
មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ អាជ្ញាធរស្រុកឃុំបានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ឃើញថាប្រជាកសិករកំពុងប្រមូលផលស្រូវពីទឹកទោះបីពុំទាន់ដល់អាយុប្រមូលផលក៏ដោយ(ពេលស្រូវដាក់ម្សៅទុំស្លាបសេក)៕