កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ទទួលបានគ្រឿងឧបភោពបរិភោព និងសិស្សានុសិស្សប្រមាណ ជាង ៩០នាក់ រស់នៅភូមិរលួសធំ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទទួលបានសម្ភារសិក្សា មកពីសប្បុរស ជន។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣, ក្រុមហ៊ុនអាជីវកម្មរ៉ែមាស “ឡេតចេង ម៉ាញនីង ឌីវេឡុបម៉ិន” (Late Cheng Mining) រួមជាមអាជ្ញាធរស្រុកសណ្តាន់ ចុះជួបសំណាលជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅ ភូមិរលួសធំ។ ក្នុងឱកាសនោះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ លើកឡើងថា សកម្មភាពផ្តល់ជូន អំណោយមនុស្សធម៌នេះ ធ្វើឡើងច្រើនលើកមកហើយ។ ហើយនេះក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមផែនការយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ តាមយន្តការរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ទៅតាមលទ្ធភាព។ ទន្ទឹមជាមួយគ្នានេះ ការផ្តល់ជូនសម្ភារៈសិក្សា ដល់ក្មួយៗជាសិស្សានុសិស្ស ក៏ជាផ្នែកមួយចូលរួមលើកស្ទួយការអប់រំប្រកបដោយសមធម៌ ស្របជាមួយ ចក្ខុវិស័យរបស់ ក្រសួងអប់រំយុវជន និងកីឡា ផងដែរ។ លោកបន្តថា ការផ្តល់ជូនសម្ភារសិក្សា ក្នុងពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសិក្សារបស់ក្មួយៗជាសិស្ស។ ហើយនេះជាការជួយសម្រាល នូវបន្ទុកចំណាយក្នុងការទិញនូវសម្ភារសិក្សា ព្រោះក្មួយៗ ក្នុងម្នាក់ទទួលបាន ទាំងសំពាធ សម្រាប់ដាក់សម្ភារ ប៉ិច និងសៀវភៅសរសេរ។
ចំពោះប្រជាពលរដ្ឋវិញ ក៏ទទួលបាននូវគ្រឿងឧបភោគបរិភោព ដែលមានទាំងអង្ករ និងគ្រឿងទេស ក្នុងការផ្គត់ផ្គង់ជីវភាព កាត់បន្ថយចំណាយបានមួយរយៈ ព្រោះប្រជាពលរដ្ឋខ្លះ មានជីវភាពខ្វះខាត។លោកអភិបាលស្រុកសណ្តាន់ បញ្ជាក់ថាសកម្មភាពរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគ ក្នុងនោះក៏មានចែងនូវលក្ខ័ណ្ឌមនុស្សធម៌ ដែលតែងតែអនុវត្តន៍ជារើយៗចំពោះប្រជា ពលរដ្ឋក្នុងតំបន់ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ បង្ករឲ្យមានភាពរើសអើងឡើយ។ លោកសំណូមពរ ដល់ក្រុមហ៊ុន និងសប្បុរសជន នៅតែបន្តជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោកបន្តទៀត។ អ្នកសម្របស្រួលក្រុមហ៊ុន “ឡេតចេង ម៉ាញនីង ឌីវេឡុបម៉ិន” (Late Cheng Mining) លោក “Mr. Wei” លើកឡើងផងដែរថា ក្រុម បាននាំយកគ្រឿងឧបភោគបរិភោពចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសនេះ មានចំនួន ១០០គ្រួសារ ដែលអង្ករសរុបប្រមាណជាង ២.០០០គីឡូក្រាម ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ត្រីខកំប៉ុង ១០០យួរ និងមី ១០០កេះ។ ជាមួយគ្នានេះ សិស្សានុសិស្ស សរុប ៩២នាក់ ទទួលបានសម្ភារសិក្សាសរុបសៀវភៅសរសេរ ៤៦០ក្បាល ប៉ិច៤៦០ដើម ខ្មៅដៃ និងកាបូប ដាក់សៀវភៅចំនួន ៩២ផងដែរ។