ខេត្តពោធិ៍សាត់៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានទទូចសុំ ពលរដ្ឋកាត់បន្ថយផ្ទៃដីដាំដុះស្រូវ នៅរដូវប្រាំង ដោយសារកង្វះទឹកស្រោចស្រព។ បើតាមប្រសាសន៍របស់លោក .បច្ចុប្បន្នកសិករបានសម្រុកដាំដុះស្រូវលើសផែនការជាង ២០០ភាគរយ រួចហើយ។លោក ហៃ ធូរ៉ា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែធ្នូនេះថា ក្រោយបញ្ចប់រដូវច្រូតកាត់ស្រូវវស្សា កសិករបានសម្រុកដាំដុះស្រូវប្រាំងជាបន្តបន្ទាប់ រហូតលើសផែនការជាង២០០ភាគរយ។ ជាក់ស្ដែង តាមផែនការនៅរដូវប្រាំងដាក់ឱ្យអនុវត្តត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែ ពេលនេះ កសិករនាំគ្នាដាំលើសផែនការ រហូតដល់ជាង៤ម៉ឺនហិកតា។ យ៉ាងណា តាមលទ្ធភាពទឹក ក្នុងផ្ទៃដី៤ម៉ឺនហិកតានេះ មិនជាបញ្ហាចោទនោះទេ។ ប៉ុន្តែ លោក បារម្ភថា ពលរដ្ឋ នៅតែបន្តដាំស្រូវច្រើនជាងនេះទៀត។ ការធ្វើស្រែលើសផែនការ អាចបង្កើតជាបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ដែលវានាំឱ្យខាតទាំងពេលវេលា លុយកាក និងពូជស្រូវ របស់ពលរដ្ឋ។ លោក ហៃ ធូរ៉ា ប្រាប់ដូច្នេះថា៖« អ្វីដែលយើងបារម្ភ គឺខ្លាចពួកគាត់(កសិករ) ធ្វើលើសផែនការច្រើនពេក ដែលវាអាចខ្វះទឹកស្រោចស្រព។ ពេលនោះ ប្រជាពលរដ្ឋនឹងខាតផលប្រយោជន៍ជាច្រើនដូចជា ពេលវេលា លុយកាក និងពូជស្រូវ ជាដើម»។ កាលពីឆ្នាំ ២០២២ ពលរដ្ឋខេត្តពោធិ៍សាត់ ធ្វើស្រែលើសផែនការប្រមាណ៤ម៉ឺនហិកតាដែរ ប៉ុន្តែ ពេលនោះ មិនសូវមានបញ្ហាប្រឈមនោះទេ ដោយសារមានភ្លៀងកក់ខែ និងព្យុះ ញឹកញាប់ ខណៈមន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ក៏បានជួយអន្តរាគមន៍ទាន់ពេលវេលា ផងដែរ។ ដោយឡែក រដូវប្រាំងឆ្នាំ ២០២៤ខាងមុខនេះ កម្ពុជាអាចទទួលរងកម្ដៅរហូតដល់៤១អង្សា និងមានបរិមាណទឹកភ្លៀងតិច នៅ ដោយសារបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងព្យាករថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ កម្ដៅនឹងកើនឡើងជាលំដាប់។ ក្នុងនោះ ចន្លោះពីខែមេសា ដល់ដើមខែឧសភា កម្ដៅអាចកើនឡើងខ្លាំង ជាមួយនឹងសីតុណ្ហភាព៣៨អង្សា ហើយក្នុងថ្ងៃខ្លះអាចឡើងដល់៤១អង្សា។ ក្នុងពេលដែលកម្ដៅកើនឡើងនោះ បរិមាណទឹកភ្លៀងកក់ខែ ក៏ធ្លាក់ក្នុងចំនួនតិចតួចជាងឆ្នាំ២០២៣ដែរ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ កម្ដៅដែលកើនឡើងក្នុងប្រាំងខាងមុខនេះ បណ្ដាលមកពីបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ តាមការតាមដានរបស់ក្រសួងធនធានទឹក ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់មករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូគ្រប់ដណ្ដាប់១០០ភាគរយ។ នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូមាន ៩០ភាគរយ និងអែនសូ១០ភាគរយ។ ចំពោះខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ៣០ភាគរយ។ ចំណែក នៅខែមេសា បាតុភូតអែលនីញ៉ូ ៥០ភាគរយ និងអែនសូ ៥០ភាគរយ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។ ទន្ទឹមនោះ សាធារណជន ក៏ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងឧសភា ឆ្នាំ២០២៤ ខាងមុខ ផងដែរ។
ប្រភព: សារព័ត៌មាន ថ្មីៗ